
កម្ពុជា អាចមានភ្លៀងធ្លាក់ពី៣០% ទៅ៥០% រយៈពេល៣ថ្ងៃ
កម្ពុជា អាចមានភ្លៀងធ្លាក់ពី៣០% ទៅ៥០% រយៈពេល៣ថ្ងៃ ចេញផ្សាយ ថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០២៦ សម្ពាធទាបដែលកើតមាននៅលើមហាសមុទ្រប៉ាស៊ីហ្វីកខាងលិចបានវិវត្តទៅជាព្យុះទី១៦ ឈ្មោះ ភីលូ(Peilou)T2616 រួមជាមួយព្យុះទី១៥ ឈ្មោះ ចាន់ហម(Chan-hom)T2615 និងព្យុះសង្ឃរាទី១៣ ឈ្មោះ ដូលហ្វីន(Dolphin)T2613 មានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងនិរតីដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។ ព្រះរាជាណាចក្រកម្ពុជាពុំស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះទាំងបីនេះទេ។ នេះបើតាមការបញ្ជាក់ពីក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦នេះ។ តាមក្រសួង បានបញ្ជាក់ថា ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ មានភ្លៀងធ្លាក់ពី៣០% ទៅ៥០% ទូទាំងប្រទេស។








